សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ការការពារនៃការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅកំលុងខែមេសាខាងមុខនេះ ខណៈការចម្លងវីរុសនេះ នៅក្នុងប្រទេសក៏នៅខ្ពស់ នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើង ការចម្លងវីរុសកូវីដ-១៩ ជាថ្មីទៀតនៅក្នុង សហគមន៍។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ជូនថា «ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយនៅឡើយទេ ហើយកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តមានខ្ពស់នៅឡើយ។ ទោះបីជាប្រទេសកម្ពុជា បាន និងកំពុងខិតខំទប់ស្កាត់កុំឲ្យមានការ ចម្លងវីរុសកូវីដ-១៩នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេសក៏នៅខ្ពស់ នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ជាថ្មីទៀតនៅក្នុងសហគមន៍»។
ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំង អស់បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នាពេលខាងមុខនេះ។ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ជាពិសេសខេត្តជាប់ព្រំប្រទល់សូម យកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករ ឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបានម៉ាត់ចត់បំផុតតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ឲ្យបាននូវការចម្លងវីរុសកូវីដ-១៩ចូលមកកម្ពុជា។
ជាមួយគ្នានេះ ក្រសួងបានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មាធិការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមទីកន្លែងកំសាន្តនានា ម្ចាស់សណ្ឋាគារ អាហារដ្ឋាន និងភោជនីយដ្ឋាន ទីវត្តអារ៉ាម និងគណៈកម្មាធិការវត្ត ត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តន៍វិធានការសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published.