ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នផ្កាយ១ ដែលប្រើហឹង្សាយកកាំភ្លើងវាយសន្តិសុខបែកក្បាល

(កណ្ដាល)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក ថោង ផល្លារង្ស៊ី បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីយោធាផ្កាយ១ម្នាក់ ដែលបានយកកាំភ្លើងវាយសន្តិសុខបែកក្បាល។
យោងតាមដីបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរជាមន្ត្រីយោធា ពីបទ«ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត»។
គួរំលឹកថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឈ្មោះ ហេង គាហុង ដែលមានមុខរបរជាមន្ត្រីយោធា យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើឈ្មោះ ច្រឹក ស៊ីណា មានមុខរបរជាសន្តិសុខ ចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួល នៅគ្លីនិច សុខ ម៉េង ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង គាហុង បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារ ខឹងជួលឲ្យមកយាម បែរជាត្រូវគ្នាជាមួយចោរទៅវិញ។ ក្នុងនោះតាមការឆែកកាមេរ៉ាសុវត្ថិភាព ពិនិត្យឃើញថា មានមនុស្សប្រុសម្នាក់បានមកហុចលុយឲ្យជន រងគ្រោះ៕

Leave a Reply

Your email address will not be published.