រដ្ឋ​បាលខេត្តព្រះសីហនុ ផ្ញើរលិខិតទៅកាន់អ្នកពាក់ព័ន្ធ នឹងវិវាទដីធ្លីនៅក្នុងភូមិចំនួន២ ខណៈដែលពលរដ្ឋកំពុងផ្ទុះការតវ៉ា

(ភ្នំពេញ) ៖ រដ្ឋ​បាលខេត្តព្រះសីហនុ បានផ្ញើរលិខិត លោកគឺនផល្លា , លោក ភោគវឌ្ឍនា, លោកឈិន ហ៊ាង និងលោកឈិតហ៊ាន ប្រជាពលរដ្ឋ នៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេងចេញផ្សាយនៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ស្តីពីករណីវិវាទដីធ្លីស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក សឺន ផល្លា , លោក ភោគ វឌ្ឍនា, លោក ឈិន ហ៊ាង , លោក ឈិត ហ៊ាន និងប្រជាពលរដ្ឋនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ជ្រាបថា៖ ករណីវិវាទដីធ្លីស្ថិតនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារចម្រុះចុះអង្កេតស្រាវជ្រាវដោយយកចិត្ត ទុកដាក់ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការបូកសរុបលទ្ធផលនៃការអង្កេតស្រាវជ្រាវជូនថ្នាក់ ដឹកនាំពិនិត្យសម្រេច ។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ៥៧៩ សជណ ជម្រាបជូនរដ្ឋបាលស្រុកព្រៃនប់ ផ្អាកនូវការចុះស្រង់ស្ថិតិតាមខ្នងផ្ទះប្រជា ពលរដ្ឋ និងការសម្របសម្រួលផ្សេងៗរវាងគូភាគី ដើម្បីទុកភារកិច្ចដល់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តធ្វើការ ស្រាវជ្រាវឱ្យបានច្បាស់លាស់។

ដើម្បីជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងក្នុងសំណុំរឿងវិវាទនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក លោកស្រីជាភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្ថានភាពដើមលើទីតាំងដីវិវាទជាបណ្តោះអាសន្ន និងជៀសវាងរាល់ការធ្វើសកម្មភាពផ្សេងៗ ដែលជាហេតុបង្កការរាំងស្ទះ យឺតយូរដល់ដំណើរការអង្កេត ស្រាវជ្រាវ និងស្នើភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ រងចាំលទ្ធផលអង្កេតស្រាវជ្រាវរបស់ក្រុមការងារចម្រុះរដ្ឋ បាលខេត្ត ដែលនឹងត្រូវធ្វើការបូកសរុបបញ្ចប់នាពេលខាងមុខនេះ ។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ជាភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ជ្រាប និងចូលរួមសហការអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *