បញ្ជូនជនសង្ស័យទៅតុលាការ បង្កើតអាខោនហ្វេសប៊ុកក្លែង ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង

(កែប) ៖ ជនសង្ស័យពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតអាខោនហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្ត៍ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតអាខោនហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្ត៍ ដែលស្រាវជ្រាវ ស៊ើបអង្កេតនិងចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកែប សង្កាត់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកែប។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។ សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។
បច្ចុប្បន្ននេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនេះទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមមានក្រមសីលធម៌ក្នុងការប្រើប្រាស់ កុំប្រើដើម្បីធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងកុំព្យាយាមប្រើដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕

Leave a Reply

Your email address will not be published.