ខ្មែរនៅបរទេស ចូលរួមជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ-១៩ដើម្បីជួយដល់ពលរដ្ឋខ្មែរ

(ភ្នំពេញ) ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងកូវីដ១៩ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ មានសប្បុរសជន និងប្រជាពលរដ្ឋខ្មែរបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំង ដោយឡែកពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក៏បានបរិច្ចាកថវិកាចំនួន ២,០០០ ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ផងដែរ។
សប្បុរសជនខ្មែររស់់នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក លោកស្រី ជឹង គីមហុង និងលោក ព្រុំ វិស្សុត បានបរិច្ចាកថវិកាចំនួន ២,០០០ ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។
ក្នុងឱកាសថ្ងៃប្រារព្វពិធីខួបកំណើតរួមគ្នារបស់លោកស្រី គីមហុង និងកូនស្រី អេលីសា (អាយុ ៤ឆ្នាំ) ដែលកើតក្នុងថ្ងៃ និងខែ តែមួយដូចគ្នា គឺថ្ងៃទី១២ ខែ១២ លោកស្រី គីមហុង ព្រមទាំងស្វាមី មានសេចក្តីរីករាយ និងសទ្ធាជ្រះថ្លាបានបរិច្ចាកថវិកាបន្តិចបន្តួចផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារប្រជាជនទូទាំងប្រទេសអោយរួចផុតពីជំងឺឆ្លងដ៏សាហាវនិងគ្រោះថ្នាក់ខាងលើនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។
ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ សម្តេចតេជោក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

Leave a Reply

Your email address will not be published.