អ្នកការទូត​កម្ពុជា​ចំនួន​ពីរ​នាក់ និង​បុគ្គលិក​ក្នុងស្រុក​ចំនួន​ពីរ​នាក់ នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង មាន​ផ្ទុក​កូ​វីដ​-១៩

​ភ្នំពេញ​៖ ក្រសួងការបរទេស​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អ្នកការទូត​កម្ពុជា​ចំនួន​ពីរ​នាក់ និង​បុគ្គលិក​ក្នុងស្រុក​ចំនួន​ពីរ​នាក់ នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង មាន​ផ្ទុក​កូ​វីដ​-១៩​។​

​ក្រសួង​ការ​បើ​រទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ជម្រាបជូន​សាធារណជន​បាន ជ្រាបថា អ្នកការទូត​កម្ពុជា ចំនួន​ពីរ (០២) នាក់ និង បុគ្គលិក​ក្នុងស្រុក​ចំនួន​ពីរ (០២) នាក់ នៃ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង បានធ្វើ​តេស្ត​សំណាក​ទទួលបាន​លទ្ធផល វិជ្ជមាន​កូ​វីដ​-១៩​។

​ក្រោយ​ពួកគាត់​ទាំង​បួន (០៤) នាក់ បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​បារាំង រួចមក ពេលនេះ​ពួកគាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​រៀងៗ​ខ្លួន និង​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​។ ក្រៅពីនេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស ក៏​កំពុង​រង់ចាំ​លទ្ធផល​របស់​បុគ្គលិក​ក្នុង ស្រុក​ម្នាក់ទៀត នៅថ្ងៃនេះ (​ថ្ងៃ​ចន្ទ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០)​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​ទីក្រុង​ប៉ារីស នឹង​បន្ត​ដំណើរការ​ជា​ប្រក្រតី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។

​ស្ថានទូត​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​បារាំង ដើម្បី​តាមដាន ការវិវត្ត​នៃ​ជំងឺ​របស់​អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ក្នុងស្រុក ទាំង​បួន​នាក់​ខាងលើ ដោយ​យកចិត្ត ទុកដាក់​បំផុត​៕

Leave a Reply

Your email address will not be published.