ឆ្នាំ​២០២០​នេះ រោងចក្រ​ផ្នែក​កមន្តសាល​ជាង​៣០០​បាន​ព្យួរ និង​រោងចក្រ​ធុន​ធំ​ចំនួន ៩៥ បាន​បិទទ្វារ​

ភ្នំពេញ​៖ មន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា រហូតមកដល់​ឆ្នាំ​២០២០​នេះ កម្ពុជា ជា​រួមមាន​រោងចក្រ​ចំនួន ១.៨៣១ ក្នុងនោះ គិត​ត្រឹម​ខែតុលា ២០២០​នេះ មាន​រោងចក្រ​កមន្តសាល ៣៩០ បាន​ព្យួរ និង​រោងចក្រ​ចំនួន ៩៥ បាន​បិទទ្វារ ហើយក៏​មាន​រោច​ក្រ​កើត​ថ្មី​ចំនួន ១៩៦ ផងដែរ​។ នៅ​កម្ពុជា បែងចែក រោងចក្រ​ពីរ​ប្រភេទ គឺ​ប្រភេទ​ទីមួយ ជា​រោងចក្រ​ធុន​តូច មធ្យម និង​ទី​ពីរ ជា​ប្រភេទ​រោងចក្រ​ធុន​ធំ​។

ស្ថិតក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម បច្ចុប្បន្ននេះ កម្ពុជា​មិន​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅលើ​វិស័យ​ឧស្សាហកម្ម​កាត់​មួយ​មុខ​នោះទេ ពោលគឺ​កម្ពុជា​កំពុង​ធ្វើ​ពិ​ធិ​ធ​កម្ម​ទៅលើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ផ្សេងទៀត ពិសេស​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​។

​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​១៩​នេះ លោក​ថា បណ្តា​រោងចក្រ​មួយចំនួន បាន​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ក្រៅ​អំពី​វិស័យ​កាត់ដេរ ទៅជា​ឧស្សាហកម្ម​ដែល​បម្រើ​ដល់​វិស័យ​វិ​ជ្ជ​សាស្ត្រ ដូចជា​៖ រោងចក្រ​ដេរ​ម៉ាស់ ដេរ​សម្លៀកបំពាក់​វិ​ជ្ជ​សាស្ត្រ​ជាដើម​។ មន្ត្រី​ក្រសួង​ឧស្សាហកម្ម បាន​អះអាងថា ទាំងអស់នេះ គឺជា​ការចូលរួមចំណែក​មួយ​ក្នុងការ​ទប់ស្កាត់​កុំឱ្យ​បិទទ្វា​រោងចក្រ បង្កើន​នូវ​សេដ្ឋកិច្ចជាតិ និង​ជួយ​រក្សាបាន​នៅ​ការងារ​សម្រាប់​កម្មករ កម្មការិនី​នៅ​កម្ពុជា​។​

​ឯកឧត្ដម ហេង សុខ​គង់ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា ចំនួន​ទិន្ន័យ​នៃ​ការបិទទ្វារ និង​រោងចក្រ​កើត​ថ្មី​ឡើងវិញ ជា​ទិន្នន័យ​សំខាន់​សម្រាប់​វាយតម្លៃ​អំពី​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​។

​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០១៥ ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥ ដល់ ២០២៥ វិស័យ​ឧស្សាហកម្ម បានធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម ក្រៅពី​វិស័យ​កាត់ដេរ ដែលមាន​កំណើន​ជា​បន្តបន្ទាប់​។ ការធ្វើ​ពិពិធ​កម្ម ដែល​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ឧស្សាហកម្ម​កម្ពុជា ក៏បាន​ពឹងផ្អែក​ទៅលើ​ឧស្សាហកម្ម​ជំនាញ និង​ឧស្សាហកម្ម ដែលមាន​បច្ចេកវិទ្យា ដើម្បី​រួមចំណែក​ជម្រុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម មាន​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕

Leave a Reply

Your email address will not be published.