ភ្នំពេញ ៖ ក្រោយទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ នៅរសៀលនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី នឹងចូលធ្វើការប្រមូលសំរាមវិញ។
ការទទួលយកដំណោះស្រាយ និងព្រមព្រៀងចូលធ្វើការវិញរបស់កម្មករ ក្រុមហ៊ុន ស៊ិនទ្រី ធ្វើឡើងក្រោយបញ្ចប់កិច្ចចរចារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រវាងម្ចាស់ក្រុមហ៊ុន ស៊ិនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញ។
ជាលទ្ធផល នៃការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នាដូចខាងក្រោម៖
*ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
*ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
*ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ ក្រុមហ៊ុន ស៉ិនទ្រី ខណ្ឌដង្កោផងដែរ ដើម្បីប្រាប់អំពីដំណោះស្រាយ និងការសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។
គួរជម្រាបថា កម្មករប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី បាននាំគ្នាធ្វើកូដកម្មឈប់ប្រមូលសំរាម តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យអាជ្ញាធរចូលរួមដោះស្រាយ ចំពោះលក្ខខណ្ឌដែលពួកគេបានទាមទារ៕