ក្រសួងវប្បធម៌ ចេញសេចក្តីណែនាំស្ដីពី ​ការដាក់ឲ្យអនុវត្តនីតិវិធី ​និងទម្រង់បែបបទនៃការ​គ្រប់គ្រងទីតាំងផលិត និងលក់ចម្លាក់ពុម្ពស៊ីម៉ង់ត៍​​

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំស្ដីពី ការដាក់ឲ្យអនុវត្តនីតិវិធី និងទម្រង់បែបបទនៃការ​គ្រប់គ្រងទីតាំងផលិត និងលក់ចម្លាក់ពុម្ពស៊ីម៉ង់ត៍​។

ក្នុងសេចក្តីណែនាំផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រសួងវប្បធម៌បានណែនាំចំនួន ៩ចំណុច ដើម្បីធានាបាននូវការប្រមូលកម្រៃសេវាសាធារណៈស្របតាមលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។

គួរកត់សម្គាល់ថា ការចេញសេចក្តីណែនាំរបស់ក្រសួងវប្បធម៌នេះ ទំនងជាធ្វើឡើងបន្ទាប់ពីមានការចាប់អារម្មណ៍ និងការបញ្ចេញមតិយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក អំពីរូបចម្លាក់ ឬស្មូន គួរឲ្យអស់សំណើច ដែលពុំមានក្បួន ឬខ្នាត បានដាក់នៅតាមទីសាធារណៈជាពិសេសតាមទីវត្តអារាម។

តាមគណនីហ្វេសប៊ុករបស់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានសរសេរថា៖ «ខ្ញុំតែងតែឃើញជារើយៗរូបចម្លាក់ដែលគួរអោយអស់សំណើចបានដាក់អោយប្រើប្រាស់ជាប្រយោជន៍សាធារណះជាពិសេសតាមទីវត្តអារាម ។ ខ្ញុំលើកយកមកសរសេរនាពេលនេះ ដោយសំដៅទៅ លើ ចម្លាក់ ឬស្មូន ដែលពុំមានក្បួន ឬខ្នាត អ្វីអោយច្បាស់លាស់ ។ សូមពិចារណាទាំងអស់គ្នាថា រាល់រូបស្មូន ឬ ចម្លាក់ដែលពាក់ព័ន្ធនិងជំនឿសាសនា តែងតែប្រារពពិធីផ្សេងៗតាមជំនឿផ្សេងៗរបស់ប្រជាជន នៅពេលយកទៅដល់ទីកន្លែងតំកល់ ហើយរូបបដិមាករ ឬស្មូនទាំងនោះគ្មាននរណាហ៊ានវាយកំទេចវិញឡើយ។ របស់ទាំងអស់នោះវាអាចនៅទីតំកល់រាប់សិបឆ្នាំឬរាប់រយឆ្នាំក៏ថាបាន»។

ឯកឧត្តមបានបន្តថា៖ «ត្រង់ចំណុចនេះជាយោបល់របស់ខ្ញុំគួរក្រសួងជំនាញ បើកវគ្គ បង្ហាត់បង្ហាញ ផ្សព្វផ្សាយ អោយអ្នកទាំងនោះយល់ដឹងអំពី ខ្នាត រចនាបថ ជាដើម។ ដោយបំណងល្អ របស់ តាបូរណ៌»៕

Leave a Reply

Your email address will not be published.