អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូប បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តលើនីតិសម្បទាឡើងវិញ។
អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញនេះរួមមាន៖
១. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ
២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ
៣. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតមន្ត្រីទាំងបីរូបបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា រូបខ្លួនទាំងបីនាក់ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានឃាមឃាត់មិនឲ្យធ្វើ សកម្មភាពនយោបាយ អាចទទួលបាន នីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ សូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់ពួកខ្លួនដោយក្តីអនុគ្រោះ។
គួរបញ្ជាក់ថា ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានដូចជា:
១. លោក គង់ គាំ
២. លោក គង់ បូរ៉ា
៣. លោក រៀល ខេមរិន្ទ្រ
៤. លោក ជីវ កត្តា
៥. លោក កង គឹមហាក់
៦. លោក អ៊ូ ច័ន្ទរ័ត្ន
៧. លោក ច័ន្ធ សិលា
៨. លោកស្រី ទេព សិទ្ធី
៩. លោក ស៊ិន សុវណ្ណនី
អតីតមន្ត្រីដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្សដោយខ្លួនឯង។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូប រួមមាន លោក សុន ឆ័យ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន អតីតសមាជិកគណៈកម្មាធិការនាយក បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តលើនីតិសម្បទាឡើងវិញ៕

Leave a Reply

Your email address will not be published.