GMAC ណែនាំដល់សមាជិក និងអ្នកបញ្ជាទិញ ពីការដកផ្នែកខ្លះនៃ EBA សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំដល់សមាជិក និងអ្នកបញ្ជាទិញ ពីការដកផ្នែកខ្លះនៃ EBA សម្រាប់ការនាំចេញទៅ សហភាពអឺរ៉ុប (EU)។សេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែលបានបញ្ជាក់ថា សេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ស្ដីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួនពីប្រទេសកម្ពុជា នឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។GMAC បានរៀបចំការណែនាំនេះ សម្រាប់អត្ថប្រយោជន៍សមាជិក និងអ្នកបញ្ជាទិញអន្តរជាតិ ដែលនឹងទទួលរងផលប៉ះពាល់ពីសេចក្ដីសម្រេចរបស់ EU នេះ។

ការណែនាំនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពច្បាស់លាស់ អំពីខ្សែបន្ទាត់ពន្ធលើផលិតផល ដែលបាត់បង់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផល ដែលបន្តទទួលបានអត្ថប្រយោជន៍ពីការមិនយកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូល ទៅទីផ្សារសហភាពអឺរ៉ុប។សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានដកអត្ថប្រយោជន៍សម្រាប់បន្ទាត់ពន្ធសរុបចំនួន ៤០(ខ្សែបន្ទាត់ពន្ធលើស្ករចំនួន១ខ្សែ បន្ទាត់ពន្ធលើផលិតផលធ្វើដំណើរចំនួន៥ខ្សែ បន្ទាត់ពន្ធលើផលិតផលសម្លៀកបំពាក់ចំនួន២៥ និងខ្សែបន្ទាត់ពន្ធលើផលិតផលស្បែកជើងចំនួន៩) នៅកម្រិត៤ និង៦ខ្ទង់ ដែលចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ខ្សែបន្ទាត់ពន្ធទាំង៤០នេះ មាននៅក្នុងតារាង១។សម្រាប់ខ្សែបន្ទាត់ពន្ធនៅសល់ដទៃទៀតនៅកម្រិត៦ខ្ទង់ នៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធ និងគ្មានកូតា ក្រោមកម្មវិធី EBA ដដែល សម្រាប់ការនាំចេញពីកម្ពុជា។ ខ្សែបន្ទាត់ទាំងនោះមាននៅក្នុងតារាង២៕

Leave a Reply

Your email address will not be published.