មនុស្ស១៣នាក់ ជាសាច់ញាតិស្ត្រីទាហានមួកខៀវនៅក្រុងតាខ្មៅ ត្រូវបានយកទៅពិនិត្យរកជំងឺកូវីដ១៩ តែមិនឃើញមានមេរោគទេ

(ភ្នំពេញ)៖ ការរកឃើញជំងឺកូវីដ១៩ លើស្ត្រីទាហានមួកខៀវអាយុ ២៧ឆ្នាំ មានលំនៅឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ កំពុងបង្កជាការព្រួយបារម្ភខ្លាចមានការឆ្លងទៅកាន់ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ស្ត្រីទាហានមួកខៀវត្រឡប់មកពីបម្រើការងារនៅប្រទេសម៉ាលីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវ ក្នុងខេត្តកំពង់ស្ពឺអស់ជាច្រើនថ្ងៃទៅហើយ ដោយរកមិនឃើញជំងឺកូវីដ១៩នោះឡើយ ទើបអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនក្នុងក្រុងតាខ្មៅ។ ពេលមកធ្វើចត្តាឡីស័កនៅផ្ទះ ក៏ស្រាប់តែលេចចេញមេរោគ និងពិនិត្យរកឃើញមេរោគកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ។
ដោយក្តីបារម្ភខ្លាចមានការឆ្លងទៅក្រុមគ្រួសារ និងសាច់ញាតិស្នាក់នៅក្រោមដំបូលផ្ទះជាមួយគ្នានេះ មនុស្សជាសាច់ញាតិប្រមាណ ១៣នាក់ត្រូវបានយកទៅពិនិត្យសុខភាពរកជំងឺកូវីដ១៩ តែពួកមិនឃើញមានមេរោគកូវីដ១៩នោះឡើយ។ ទោះបីមិនទាន់ឃើញមានកូវីដ១៩ក៏ដោយចុះ សាច់ញាតិទាំង១៣នាក់ ក៏ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័កបន្តនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត២។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា តាមរយៈការសាកសួរដោយផ្ទាល់រវាងក្រុមការងារជំនាញ ជាមួយស្ត្រីទាហានមួកខៀវជាអ្នកកើតជំងឺកូវីដ១៩នេះ បានគូសបញ្ជាក់ថា នៅក្នុងផ្ទះរបស់ស្ត្រីរូបនេះមានមនុស្សតែ៤នាក់ប៉ុណ្ណោះ គឺឪពុកម្តាយ ប្អូនប្រុស និងបងប្រុស ហើយក៏មានសាច់ញាតិមួយចំនួនមកលេងផ្ទះរបស់ខ្លួនក្នុងកំលុងពេលនេះ។
ស្ត្រីរូបនេះបានអះអាងថា ក្នុងកំលុងពេលធ្វើចត្តាឡីស័កនៅផ្ទះខ្លួនមិនបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយឪពុកម្តាយ បងប្អូន ឬសាច់ញាតិទេ គឺខ្លួនអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក ហូបបាយដោយឡែក និងប្រើម៉ាសជាប់ជានិច្ច។ ក៏ប៉ុន្តែប្រើប្រាស់បន្ទប់ទឹករួមគ្នា ទោះប្រើបន្ទប់ទឹករួមគ្នា ក៏រូបគេប្រុងប្រយ័ត្នផងដែរ។
អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «ស្ត្រីនេះពេលគាត់ទៅដល់ផ្ទះ គឺគាត់បានអនុវត្តន៍នូវគោលការណ៍ចត្តាឡីស័កដោយនៅក្នុងផ្ទះនោះគាត់មានសមាជិកគ្រួសារ៤នាក់ ដោយមានលោកឪពុករបស់គាត់ អ្នកម្តាយរបស់គាត់ បងប្រុសរបស់គាត់ និងប្អូនប្រុសរបស់គាត់។ ប៉ុន្តែគាត់នៅដាច់ដោយឡែកទេ តាមព័ត៌មានយើងទទួលបានពីសាម៉ីខ្លួនផ្ទាល់ គឺគ្រាន់ប្រើម៉ាសថ្វីដ្បិតតែគាត់មានការក្អកកណ្តាស់ ឬក៏ផ្តាសសាយហ្នឹងក៏គាត់មានការប្រើប្រាស់ម៉ាស។ ប៉ុន្តែបញ្ហាគាត់ប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយក្រុមគ្រួសាររបស់គាត់»។
អ្នកស្រីបន្តថា «ទន្ទឹមនឹងនោះដែរ យើងបានសាកសួរជាបន្តទៀត គាត់ក៏មានបងប្អូនគាត់ជាបន្តបន្ទាប់ទៀត តែបងប្អូននោះមិនបានរស់នៅក្នុងផ្ទះសម្បែងជាមួយគាត់ទេ។ ការបញ្ជាក់របស់សាម៉ីខ្លួននេះ គឺថា គាត់មិនបានជួបជាមួយបងប្អូនរបស់គាត់នោះដែរ។ ទន្ទឹមនឹងនោះបងប្អូនរបស់គាត់ មានគ្នាបើរាប់ទាំងក្មួយទាំងអីផង រាប់ទាំងអស់គ្នាហ្នឹង គឺមានគ្នា ១៣នាក់។ ប៉ុន្តែអ្នកផ្សេងទៀតហ្នឹងមិនបានប៉ះពាល់ជាមួយគាត់ទេ គឺនៅដាច់ដោយឡែកពីកាត់»។
ចំពោះអ្នកដែលពាក់ព័ន្ធនឹងស្រ្តីរូបនេះ ត្រូវបានអ្នកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ត្រូវបានយកមកពិនិត្យសុខភាពទាំងអស់ ហើយមិនឃើញមានមេរោគកូវីដ១៩នោះទេ តែក៏តម្រូវឱ្យធ្វើចត្តាឡីស័កបន្តផងដែរ។
អ្នកស្រី បានអះអាងបែបនេះ «អ៊ីចឹងបច្ចុប្បន្ននេះយើងបានប្រមូលវត្ថុសំណាកមកធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ជូនហើយថា ពួកគាត់ទទួលបានលទ្ធផលអវិជ្ជមាន។ ក៏ប៉ុន្តែពួកគាត់ត្រូវបន្តនូវការតាមដាន ហើយក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពជាបន្តបទៀតហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កដោយមានការទទួលខុសត្រូវ និងគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន ទន្ទឹមនឹងនោះមន្ទីរសុខាភិបាលខេត្តកណ្តាលក៏ជាអ្នកទទួលខុសត្រូវក្នុងការតាមដានទៅលើសុខភាពរបស់ពួកគាត់ផងដែរ»។
ក្នុងរបាយការណ៍របស់លោក អ៊ុ ឡេង ចៅសង្កាត់សិត្បូ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានអះអាងថា ស្ត្រីទាហានមួកខៀវរូបនេះ មិនត្រឹមតែមានទំនាក់ទំនងជាមួយសមាជិកគ្រួសារក្នុងផ្ទះនោះទេ គឺបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ហើយបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀតផង។
ឆ្លើយតបរបាយការណ៍នេះ អ្នកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្នកស្រីមិនដឹងថាអាជ្ញាធរទៅសាកសួរ និងធ្វើរបាយការណ៍ជាមួយនរណានោះទេ។ អ្នកស្រី បានបញ្ជាក់ថា តាមការសាកសួរដោយផ្ទាល់ជាមួយស្ត្រីទាហានមួកខៀវ គឺគេបានអះអាងហើយថា រូបគេមិនបានទៅប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅនោះឡើយ។
ត្រង់ចំណុចនេះអ្នកស្រី ឱ វណ្ណឌីន បានស្នើឱ្យអាជ្ញាធរពេលធ្វើការងារលើបញ្ហាជំងឺកូវីដ១៩នេះ សូមឱ្យសហការជិតស្និទ្ធជាមួយមន្ត្រីក្រសួងសុខាភិបាល ដើម្បីភាពច្បាស់លាស់ផ្នែកព័ត៌មាន និងចៀសវាងការបង្កើតនូវបញ្ហាផ្សេងៗផងដែរ។
អ្នកស្រី ឱ វណ្ណឌីន ក៏បានឆ្លៀតរំលឹកពីប្រវត្តិនៃការធ្វើដំណើររបស់ស្ត្រីជាទាហានមួកខៀវ ទើបរកឃើញជំងឺកូវីដ១៩នេះផងដែរ។

អ្នកស្រីបានឱ្យដឹងដឹងថា ស្ត្រីជាទាហានមួកខៀវរូបនេះ រួមនឹងកងកម្លាំងមួកខៀវរបស់កម្ពុជា ៧៩រូបផ្សេងទៀត បានត្រឡប់មកពីបំពេញបេសកកម្មការងារនៅប្រទេសម៉ាលីកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានពិនិត្យរកជំងឺកូវីដ១៩ តែរកមិនឃើញមេរោគនោះឡើយ។
ទោះរកមិនឃើញមេរោគក៏ដោយទាហានមួកខៀវកម្ពុជាទាំង ៨០នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវខេត្តកំពង់ស្ពឺរយៈពេល ១៤ថ្ងៃផងដែរ។ លុះដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនោះ កងកម្លាំងមួកខៀវ ៤នាក់ បានរកឃើញជំងឺកូវីដ១៩ ដូច្នេះកងម្លាំងមួកខៀវ ៧៦នាក់ទៀត ដែលរកមិនទាន់ឃើញ ក៏ត្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត។
លុះដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័កនោះ ក៏មានកងទ័ពមួកខៀវ ៤នាក់ទៀត ត្រូវបានរកឃើញមានជំងឺកូវីដ១៩ ទៀត ដូច្នេះកងទ័ព ៧២នាក់ទៀត ក៏ត្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត។ ដោយការធ្វើចត្តាឡីស័កបន្តរកមិនឃើញមានជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យកងកម្លាំង ៧២នាក់នេះ វិលត្រឡប់ទៅផ្ទះ ហើយធ្វើចត្តាឡីស័កនៅផ្ទះបន្តទៀត។
បើតាមអ្នកស្រី ឱ វណ្ណឌីន ក្នុងចំណោមកងទ័ពមួកខៀវ ៧២នាក់ ដែលទៅធ្វើចត្តាឡីស័កនៅផ្ទះនេះ គឺមានតែស្ត្រីម្នាក់នៅក្រុងតាខ្មៅនេះទេ ដែលរកឃើញមានជំងឺកូវីដ១៩។ ក្រោយមានហេតុការណ៍បែបនេះ កងទ័ពមួកខៀវដទៃទៀត ត្រូវពិនិត្យរកជំងឺកូវីដ១៩ឡើងវិញ ហើយក៏បានយកពួកគេមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កក្នុងមណ្ឌលទាហានមួកខៀវក្នុងខេត្តកំពង់ស្ពឺផងដែរ។
អ្នកស្រី ឱ វណ្ណឌី បានថ្លែងថា អាការៈរោគនៃជំងឺកូវីដ១៩ គឺពិបាកក្នុងការសន្និដ្ឋានណាស់។ ដូច្នេះហើយអ្នកស្រី បានអំពាវនាវដល់អ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លងជំងឺទៅក្រុមគ្រួសារ និងអ្នកជិតខាង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២៥១នាក់ ស្ត្រី ៤៩នាក់ និងបុរស ២០២នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២១៩នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៣នាក់។
ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣២នាក់។ ក្នុងនោះសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ និងស្ត្រី ជាកងទ័ពមួកខៀវ ០១នាក់ ដែលបានបញ្ជូនមកពីមន្ទីរពេទ្យជ័យជំនៈខេត្តកណ្ដាល នៅថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០២០)។
សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ២៤នាក់ (ជាបុរស), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០២នាក់ ជាបុរស និងនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៣នាក់ ជាបុរស។ រីឯស្ត្រីជនជាតិកាហ្សាក់ស្តង់១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.