ដំណឹងល្អ! រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញ តែត្រូវអនុវត្តន៍គោលការណ៍មួយចំនួន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញហើយ ប៉ុន្តែត្រូវអនុវត្តន៍តាមគោលការណ៍មួយចំនួន។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើង ដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា រួមមាន៖

ទី១៖ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដែលមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តនូវគោលការណ៍ស្តង់ដារ ប្រតិបត្តិឱ្យបានត្រឹមត្រូវ។

ទី២៖ ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្ដែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដារ ប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។

ទី៣៖ ការបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្ត គោលការណ៍ស្តង់ដារប្រតិបត្តិ និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល។

ក្រសួងបានបញ្ជាក់ទៀតថា សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដែលមានបំណងបើកដំណើរការរោង ភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

Leave a Reply

Your email address will not be published.