ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសារចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលលីបង់ ចំពោះសោកនាដកម្មផ្ទុះដ៏ខ្លាំងក្លា

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ។
ហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមី នៅកំពង់ផែ រដ្ឋធានីបេរូត ប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និង ធ្វើឲ្យមនុស្ស៤ពាន់នាក់រងរបួស ផ្ទះសម្បែង និងអគារត្រូវបានខូតខាតយ៉ាងដំណំ។
សូមបញ្ជាក់ថាជាតិអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលជាសារធាតុគីមីដែលត្រូវបានប្រើជាជី និងជាសមាសធាតុនៃគ្រឿងផ្ទុះ បានស្តុកក្នុងកំពង់ផែ ក្នុងរដ្ឋធានីបូរុត រយៈពេល៦ឆ្នាំមកហើយ។ លោកប្រធានាធិបតីលីបង់ មីឈែល អាអូន ចេញសារក្នុង Twitter ថាវាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុគីមីត្រូវបានទុកដាក់នៅទីនោះរាប់ឆ្នាំដោយគ្មានការរក្សាសុវត្ថិភាព ខណៈដែលលោកបានស្បថថាស្វែងរកអ្នកទទួលខុសត្រូវលើការផ្ទុះនេះ នឹងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។ លោកក៏បានប្រកាសថា លីបង់នឹងកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល៣ថ្ងៃ៕

Leave a Reply

Your email address will not be published.