ក្រោយផ្ទុះការរិះគន់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺ ករណីសមត្ថកិច្ច សង្កត់ករ បុរសម្នាក់

(ភ្នំពេញ) ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់ បណ្ដាញទំនាក់ទំនង សង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការ ចែករំលែកបន្តគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការ បកស្រាយមួយចំនួន ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ មកលើការអនុវត្តច្បាប់ របស់សមត្ថកិច្ច។
ដើម្បីចៀសវាងការ យល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ ជូនដូចខាងក្រោម÷
១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅ ធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូទទួល យកគ្រឿងញៀន ពីជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់ គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួន ពីសមត្ថកិច្ច។
២-ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន នៅទីតាំងខាងលើដែលសមត្ថកិច្ច នគរបាលប៉ុស្តិ៍ កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយ និងបក្ខពួកមួយចំនួនទៀត ។
៣-អំឡុងពេលប្រតិបត្តិការ ឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញ ជនសង្ស័យស្ថិតក្នុងស្ថានភាព ញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបង ប្រព្រឹត្តអំពើហិង្សា លើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈាន ដល់ការប្រើសិទ្ធិការពារខ្លួន ឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងនីតិវិធីច្បាប់។
៤-យើងខ្ញុំទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការ របស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ យើងខ្ញុំចាត់កិច្ចការនេះ ជាបទពិសោធន៍ និងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អ របស់សាធារណៈជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈម ចំពោះមុខច្បាប់ជាធរមាន ៕

Leave a Reply

Your email address will not be published.