ក្រសួងបរិស្ថានធ្វើជំរឿនប្រចាំឆ្នាំសត្វត្មាតក្នុងដែនជម្រកសត្វព្រៃ

(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WSC)ប្រចាំកម្ពុជា ចុះជំរឿនសត្វត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃក្នុងប្រទេសកម្ពុជា ដើម្បីបានដឹង ចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការជំរឿនសត្វត្មាតនេះធ្វើឡើងនៅទីតាំង ចំនួន៥ទផ្សេងគ្នាមានដូចជា៖ ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រងក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ឯកឧត្តម នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅនៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានថ្លែងថា សត្វត្មាតចំនួន ៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោម ការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ ក្បាល ត្មាតភ្លើងចំនួន ៣ ក្បាលនិងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជំរឿននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ឯកឧត្តម បានឲ្យដឹងថា ការជំរឿនកាលខែធ្នូឆ្នាំ២០១៩កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ ក្បាល។
បើតាមការឲ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩កន្លងទៅ បង្ហាញថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ មានចំនួន ១៣៧ ក្បាលហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃ សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។
ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា មូលហេតុដែលនាំឲ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឲ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។
ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាត ដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ និងឈប់ប្រើប្រាស់ថ្នាំពុលនៅជុំវិញដែកជម្រកសត្វព្រៃ៕

Leave a Reply

Your email address will not be published.