ប្រទេសថៃមានវឌ្ឍនភាពក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង កូវីដ១៩

(បាងកក)៖ កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងសុខាភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន មានការរីកចម្រើនក្នុងការបង្កើតវ៉ាក់សាំងសម្រាប់ការពារ និងប្រឆាំងកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឲ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។ វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផលសត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត។
លោក Opas Karnkawinpong បានបន្ថែមថា ជំហានបន្ទាប់គឺសាកល្បងវ៉ាក់សាំងគំរូនៅលើមនុស្សដើម្បីពិនិត្យមើលថាតើការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលនឹងសត្វកណ្តុរដែរឬទេ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភានេះ ប្រទេសថៃមានករណីឆ្លងកូវីដ១៩សរុបចំនួន២,៩៨៩នាក់ ក្នុងចំណោមនោះអ្នកជាសះស្បើយចំនួន២,៧៦១ និងស្លាប់៥៥នាក់៕

Leave a Reply

Your email address will not be published.