បារាំងនឹងរឹតត្បិតប្រជាជន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនារដូវក្តៅ ដើម្បីទប់ស្កាត់រលកទី២នៃការផ្ទុះ COVID-19

(ប៉ារីស)៖ ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron ) បាននិយាយថា ប្រជាជនបារាំងទាំងអស់ នឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងប្រទេស ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចនឹងត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់រលកទី ២ នៃការឆ្លងរាតត្បាត COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ច ទៅកាន់សាលារៀនមួយកន្លែងនៅជាយក្រុងប៉ារីស នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកប្រធានាធិបតីបារាំង បានលើកឡើងដូច្នេះថា “វាលឿនពេកក្នុងការនិយាយថាតើយើងអាចឈប់សម្រាកឬអត់។ អ្វីដែលខ្ញុំអាចនិយាយបានគឺថាយើងនឹងកំណត់ការធ្វើដំណើរអន្តរជាតិសំខាន់ៗសូម្បីតែក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅក៏ដោយ” ។ សូមជម្រាបថា បារាំងនឹងបិទបញ្ចប់ការរឹតត្បិត ការបិទប្រទេស នៅថ្ងៃទី១១ ខែឧសភាខាងមុខ ហើយការលុបចោលវិធានការនេះ ប្រជាជនបារាំងនឹងទទួលការអនុញ្ញាត ឱ្យធ្វើដំណើរក្នុងចំងាយ ១០០គីឡួម៉ែត្រ ជុំវិញផ្ទះរបស់ពួកគេ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ។ ចំណែកឯការធ្វើដំណើរលើសពី ១០០គីឡូម៉ែត្រ ចាំបាច់ត្រូវការមានការត្រួតពិនិត្យ និងលិខិតអនុញ្ញាតជាមុនសិន។
សូមបញ្ជាក់ថាត្រឹមព្រឹកថ្ងៃពុធ ទី០៦ ខែឧសភានេះ បារាំងមានករណីឆ្លងកូវីដ១៩ សរុប ១៧០,៥៥១ករណី ក្នុងនោះស្លាប់ ២៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ៥២,៧៣៦នាក់ និងឈរលំដាប់ទី៥ជាប្រទេសដែលមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនបំផុតនៅទូទាំងពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិច អេស៉្បាញ អ៊ីតាលី និងចក្រភពអង់គ្លេស ៕

Leave a Reply

Your email address will not be published.