សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការយាងមកសួរសុខទុក្ខម្ដាយក្មេករបស់សម្ដេចនាពេលកន្លងទៅ

(ភ្នំពេញ) ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខណៈពេលដែលសម្ដេចកំពុងតែមានទុក្ខជាទំងន់ដោយសារតែម្ដាយក្មេងរបស់សម្ដេចទទួលមរណៈភាព សម្ដេចតេជោ បានបង្ហោះសាររំលឹកពីការយាងមកសួរសុខទុក្ខម្ដាយក្មេករបស់សម្ដេចនាពេលកន្លងទៅ។
សម្ដេចបានសរសេរថា «ព្រឹកថ្ងៃទី២២ខែមករា២០២០សម្តេចម៉ែបានយាងមកសួរសុខទុក្ខម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមានឯករាជ្យ។នេះជាព្រះរាជកាយវិការសណ្តោសប្រណីនិងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែចំពោះក្រុមគ្រួសារទូលព្រះបង្គំពិសេសជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ទួលព្រះបង្គំជាខ្ញុំ។ជំនួសមុខឱយម្តាយក្មេកដែលបានចែកឋានទៅហើយនិងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយហ្លួងម៉ែជាទីសក្ការះដ៏ខ្ពងខ្ពស់បំផុត»។
សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន និង ជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
បច្ចុប្បន្នសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះសម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងមកពីតាមក្រសួងនានា ត្រូវបានអនុញ្ញាតឱ្យអញ្ជើញទៅធុជធូបគោរពវិញ្ញាណក្ខន្ធ។
សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកទៅបញ្ចុះនៅឯកស្រុកកំណើត ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា៕

Leave a Reply

Your email address will not be published.