មន្ត្រីជំនាញណែនាំពលរដ្ឋស្វែងយល់ពីច្បាប់ចរាចរណ៍ឲ្យបានច្បាស់ដើម្បីចៀសសផុតពីការពិន័យ

(ភ្នំពេញ) ៖ មន្ត្រីជំនាញ ណែនាំដល់ប្រជាពលរដ្ឋស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់ ដើម្បីចៀសផុតពីការពិន័យអន្តរការណ៍ ក៏ដូចជារង់ចាំតែរិះគន់លើសមត្ថកិច្ចក្នុងពេលអនុវត្តទភតាមផ្លូវច្បាប់ជាធរមាន។
លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានប្រសាសន៍ថា ការអាន ឬស្តាប់ពីការអប់រំច្បាប់ជាជម្រើសតែមួយគត់ ដែលជួយឲ្យប្រជាពលរដ្ឋជៀសផុតពីការប្រព្រឹត្តល្មើសនានាៗក្នុងការបើកបរយានយន្ត។
ថ្លែងតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី៥ ខែឧសភានេះ លោកស្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវតែចេះនូវចំណុចសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជា៖ កាតព្វកិច្ចត្រូវតែមានបណ្ណបើកបរតាមប្រភេទយានយន្ត លក្ខខណ្ឌនៃលក្ខណៈបច្ចេកទេសយានយន្ត ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ សិទ្ធិអាទិភាពចរាចរណ៍ ល្បឿនកំណត់នៃការបើកបរនៅលើដងផ្លូវ ជាដើម។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍ សិក្សាស្វែងយល់បន្ថែម ព្រមទាំងជួយផ្សព្វផ្សាយបន្តអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យថ្មី ដែលកំពុងអនុវត្តយ៉ាងតឹងរឹងក្នុងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ក៏ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើតកម្មវិធី ឬធ្វើកិច្ចសម្ភាសន៍ជាមួយតំណាងស្ថាប័ននគរបាលចរាចរណ៍ឲ្យបានច្រើន និងញឹកញាប់នៅក្នុងអំឡុងពេល៨សប្តាហ៍ដំបូងនៃការអនុវត្តច្បាប់ ដើម្បីផ្តល់ឱកាសដល់ស្ថាប័ននគរបាលចរាចរណ៍ធ្វើការបំភ្លឺ បញ្ជាក់ និងផ្តល់មតិត្រឡប់ចំពោះប្រតិកម្ម សំណួរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋអំពីការអនុវត្តច្បាប់ ដើម្បីឲ្យមានប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីលេខពី៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ ដោយការបង្កើនប្រាក់ពិន័យទៅលើអ្នកបើកបរយានយន្តដែលល្មើសច្បាប់ដូចជា៖ អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បើកបរនិយាយទូរស័ព្ទ បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ បើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍ ជាដើម។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់ពីទី១ ដល់ថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចបានហៅឃាត់ និងផាកពិន័យយានយន្តបើកបរល្មើសនឹងច្បាប់សរុបជាង១ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូចំនួន៧.៨៩៨គ្រឿង និងរថយន្ត២.២៩៥ គ្រឿង៕

Leave a Reply

Your email address will not be published.