សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដោយផ្ទាល់ នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសារលិខិតរំលែកទុក្ខជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ដែលបានបាត់ មាតា ជីដូន ជីដូនទូត ដ៏មានព្រហ្មវិហារធម៌មួយរូប។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា មរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះធម៌ និងបានបូជាកម្លំាងកាយចិត្តនិងធនធាន ពេលវេលា ព្រមទំាងខិតខំតស៊ូគ្រប់កាលៈទេសៈដើម្បីជាការចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនជាដរាបរៀងមក។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលា​ម៉ោង ២:១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ​។ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តី នៅក្បែរវិមានឯករាជ្យ។ នៅព្រឹកថ្ងៃទី៦ឧសភា នឹងដង្ហែសព ទៅតម្កល់​នៅទីតាំង​ឯស្រុកកំណើតរបស់​អ្នកឧកញ៉ា នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបួងសួងសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.