(ភ្នំពេញ)៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ សមាសភាពថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែល មានការកើនឡើង ទន្ទឹមនេះ ក្រសួងមហាផ្ទៃ នៅព្រឹកនេះ ក៏បានរៀបចំកិច្ចប្រជុំធ្វើការណែនាំនានា លើការបំពេញការងារ និងធ្វើការបែងចែកតួនាទី ភារកិច្ចប្រគល់ជូនដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពដែលមានឋានៈប្រហាក់ប្រហែល ដើម្បីដឹកនាំអង្គភាពនានាស្របតាមការប្រគល់ភារកិច្ចជូន ផ្អែកលើបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍នានា ជាសេនាធិការឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចបានរំលឹកថា កន្លងមក របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថា នយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ។
សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍រំលឹកអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានប្រគល់ជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ថ្លែងជូនអង្គប្រជុំ អំពីសេចក្ដីព្រាងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលនៃក្រសួងមហាផ្ទៃ សម្ដេច និងអង្គប្រជុំក៏បានបន្តការពិភាក្សាលម្អិតអំពីសេចក្ដីព្រាងនេះ៕អត្ថបទ៖នាយកដ្ឋានព័ត៌មានវិទ្យា