ឆាប់ៗនេះ Google Meet ដាក់ឲ្យប្រើFree ដោយគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ

(បច្ចេកវិទ្យា)៖ អំឡុងពេលនៅវិបត្តិកូវីដ-១៩ បច្ចេកវិទ្យាគឺជាដំណោះស្រាយមួយដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរបស់មនុស្សទូទាំងសកលលោក។ ហើយដើម្បីសម្រួលដល់ការភ្ជាប់ទំនាក់ទំនងនាពេលនេះ បណ្ដាក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខនៅលើពិភពលោក បានបន្ថែមមុខងារថ្មីៗជាច្រើនដល់អ្នកប្រើប្រាស់ ដើម្បីធានាថាពួកគេនៅតែអាចទំនាក់ទំនងគ្នាបានដោយប្រសិទ្ធភាព។
ស្របគ្នានេះ ក្រុមហ៊ុន Google បានប្រកាសថា ក្នុងពេលឆាប់ៗនេះ កម្មវិធី Google Meet នឹងបើកឲ្យប្រើដោយមិនចាំបាច់បង់លុយ ពោលគឺគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។
សូមជម្រាបថា Google Meet គឺជាកម្មវិធីដែលបង្កើតឡើងសម្រាប់អតិថិជនដែលបានទិញសេវា G Suite តែប៉ុណ្ណោះ ជាដំណឹងល្អក្រុមហ៊ុន Google បានប្រកាសដាក់កម្មវិធីនេះឱ្យប្រើប្រាស់ដោយមិនចាំបាច់បង់ថ្លៃ ក៏ប៉ុន្តែត្រូវកម្រិតនូវមុខងារប្រើប្រាស់ខ្លះៗ។
អត្ថប្រយោជន៍នៃកម្មវិធី Google Meet នោះគឺ កម្មវិធីនេះបានផ្ដល់ដល់អ្នកប្រើប្រាស់នូវមុខងារជាច្រើន ដូចជា៖
– ចំនួនអ្នកចូលរួមអាចមានដល់ ១០០នាក់
– រយៈពេល Video conferencing ពុំមានការកំណត់ទេ ចាប់ពីពេលដាក់ឱ្យប្រើប្រាស់ ដល់ចុងខែកញ្ញា តែនឹងត្រូវបានកំណត់ត្រឹមតែ ៦០នាទី បន្ទាប់ពីខែកញ្ញា
– Admin អាចកំណត់ការចូលរួម ឬដកអ្នកចូលរួមពេលណាក៏បាន
– ក្រុមហ៊ុនបានប្រើលេខកូដសម្គាល់ដ៏សាំញ៉ាំដែលពិបាកនឹងបំបែកបាន
– ការបញ្ជូនទិន្នន័យទាំងអស់នឹងត្រូវបាន encrypted ទោះជានៅលើ Google Drive ក៏ដោយ។
លោកអ្នកអាចប្រើ Google Meet នៅលើវេបសាយ meet.google.com ឬ ដំឡើងកម្មវិធីតាមរយៈ App Store ឬ Play Store។ កម្មវិធីនេះនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ចាប់ផ្ដើមពីខែឧសភាខាងមុខនេះ នៅតាមតំបន់មួយចំនួន និងតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ ដោយឡែកលោកអ្នកក៏អាចធ្វើការចុះឈ្មោះជាមួយក្រុមហ៊ុនដើម្បីទទួលបានព័ត៌មាននៅពេលដែលកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅប្រទេសកម្ពុជាតាមរយៈតំណរភ្ជាប់នេះ https://landing.google.com/googlemeet/៕
ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Leave a Reply

Your email address will not be published.