កម្មវិធីកម្ចាត់មេរោគរហូតដល់២៨ អាចឱ្យអ្នកវាយប្រហារបញ្ជូលមេរោគក្នុងកុំព្យូទ័ររបស់អ្នកបាន

(បច្ចេកវិទ្យា)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិតនៅ RACK911 Labs បានបង្ហាញថា ភាពចន្លោះប្រហោងក្នុងកម្មវិធីកម្ចាត់មេរោគល្បីៗចំនួន២៨ មានដូចជា Microsoft Defender, McAfee Endpoint Security និង Malwarebytes ជាដើម អាចឱ្យអ្នកវាយប្រហារ បញ្ជូលមេរោគ malware ក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា ការវាយប្រហារនេះមានឈ្មោះថា symlink race ហើយវាអាចឱ្យអ្នកវាយប្រហារលុបឯកសារ ដែលប្រើដោយកម្មវិធីកម្ចាត់មេរោគ ឬ operating system ដែលជាលទ្ធផលធ្វើឱ្យកុំព្យូទ័រគាំងធ្វើអ្វីមិនកើត។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ក្រុមហ៊ុនភាគច្រើន ហើយជាពិសេសក្រុមហ៊ុនធំៗបានធ្វើបច្ចុប្បន្នភាព កែសម្រួលបញ្ហានេះហើយ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនខ្លះបានចេញផ្សាយណែនាំទាក់ទងនឹងបញ្ហានេះផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកនិងណែនាំអ្នកប្រើប្រាស់ទាំងអស់ គួរតែធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសុវត្ថិភាពនេះឱ្យបានរហ័ស ដើម្បីជៀសវាងការវាយប្រហារដែលធ្វើឱ្យកុំព្យូទ័រឈប់ដំណើរការ ក៏ដូចជាដើម្បីការពារទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក៕

Leave a Reply

Your email address will not be published.