សម្តេចតេជោ ហ៊ុន សែន ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លើកពីការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដោយបានលើកពីការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃកូវីដ១៩។
ដោយក្នុងកិច្ចសន្ទនានោះ ឯកឧត្តម Pompeo អរគុណចំពោះកម្ពុជា ចំពោះការជួយសង្គ្រោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិកចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក ក៏ដូចជាចំពោះទឹកប្រាក់២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។
ឯកឧត្តម Pompeo បានអះអាងថាអាមេរិកនិងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាពរបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមក៏បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីអធិតេយ្យជាតិគាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។
ទាក់ទងនឹងក្របខណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាមេរិកក្នុងការកាត់បន្ថយគម្លាត រវាងប្រទេសនានាក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងៗទៀត។
សម្តេចក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស័្មគ្រចិត្តអាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះក៏ជាការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។
សម្តេច និងឯកឧត្តម Pompeo ក៏បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារនៃជនរងគ្រោះទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារកូវីដ១៩។ សម្តេចបានផ្តាំផ្ញើការគាំទ្ររបស់សម្តេចជូនចំពោះលោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយឯកឧត្តម Poppeo ក៏បានអរគុណសម្តេចចំពោះការអញ្ជើញឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្រប៕

Leave a Reply

Your email address will not be published.