សមត្ថកិច្ចនាំខ្លួន សុវណ្ណ រិទ្ធី ទៅកាន់តុលាការ ដើម្បីសួរនាំបន្ត ទាក់ទងករណីផ្សាយព័ត៌មានញុះញង់ ពីវិធានការរាជរដ្ឋាភិបាលការពារ COVID-19

(ភ្នំពេញ) ៖ លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះពត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ នេះបើតាមផេកហ្វេសបុកផ្លូវការរបស់ស្នងការរដ្ឋាននរគបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការសហការរវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទីយប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សុវណ្ណ រិទ្ធី ភេទប្រុស មុខរបរអ្នកសារព័ត៌មានTVFB ។
តាមការបំភ្លឺ និងសារភាពដោយផ្អែកលើចម្លើយបំភ្លឺរបស់ឈ្មោះ អែល ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិករបស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី និងផ្អែកលើការទទួលស្គាល់ភស្តុតាងវីដេអូឃ្លីបរយៈពេល៦នាទី៥៤វិនាទី និងសារជាអក្សដែលបានបង្ហោះ ផ្សព្វផ្សាយលើផេកហ្វេសបុក របស់ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី។ ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធី ពិតជាបានប្រព្រឹត្តអំពើញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅចំនុចផ្ទះលេខ១០ (ការិយាល័យអង្គភាពសារព័ត៌មាន ធីវីអេហ្វប៊ី ញ៉ូស ២៤ម៉ (TVFB News 24h)) ផ្លូវលេខ២៨៩ ភូមិបូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជំរាបថា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕

Leave a Reply

Your email address will not be published.