ខឹងអតីតប្រពន្ធមិនព្រមត្រូវគ្នាវិញ យករូបដាក់លើបណ្ដាញសង្គម បង្ហោះសារគំរាមសម្លាប់ថ្នាក់ដឹកនាំ និងជេរប្រមាថព្រះមហាក្សត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខេត្តសៀមរាប

(សៀមរាប)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ជនសង្ស័យបានធ្វើសកម្មភាព និងរូបភាពបង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា រាល់សកម្មភាពនេះ ជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាក Vivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោម៖
ទី១៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ
ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ
ទី៣៖ គណនី Tiktok ឈ្មោះ សិលាសៀមរាប
ក្រោយសាកសួរសាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published.