WHO និងក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាល ស្តីពីជំងឺ COVID-19 ដល់អ្នកសារព័ត៌មាន

(ភ្នំពេញ)៖ ដើម្បីជួយផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែលម្អិត និងត្រឹមត្រូវ ជូនដល់ដៃប្រជាពលរដ្ឋពីជំងឺ COVID-19 ដែលកំពុងរាតត្បាត នៅលើសកលលោក អង្គការសុខាភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលកម្ពុជា បានរួមគ្នាបើកវគ្គបណ្តុះបណ្តាល ស្តីពីជំងឺ COVID-19 ដល់អ្នកសារព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកស្រី Dr Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Dr Li Ailan បានថ្លែងថា ដោយបច្ចុប្បន្ននេះ វីរុសកូវីត-១៩ នៅតែរីករាលដាលនៅលើសកលលោក ទាមទារឲ្យយើងទាំងអស់គ្នាសហការចែករំលែកព័ត៌មានពិត ជូនដល់ប្រជាពលរដ្ឋ ព្រោះថា អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកាត់បន្ថយការរាតត្បាតនេះ។

ជាមួយគ្នានោះដែរ លោកស្រី ឱន វណ្ណឌីន ក៏បានថ្លែងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ត្រូវបន្តសហការគ្នា ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ពីជំងឺរលាកសួតដោយវីរុសកូរ៉ូណា ឬ (COVID-19)។

ជាពិសេស បន្តជួយផ្សព្វផ្សាយពីវិធានការពារ ពីវីរុស COVID-19 នេះ ឲ្យបានត្រឹមត្រូវ និងលឿនរហ័សជូនដល់ពលរដ្ឋកម្ពុជា កុំឲ្យប្រជាពលរដ្ឋភ័យខ្លាចហួសហេតុ ដែលបង្កជាចលាចលដល់សង្គម និងអាចឈានទៅដល់គ្រោះថ្នាក់ដល់ជីវិត ដោយសារ ភ័យខ្លាចពេក បែបជាធ្វេសប្រហែស។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រសួងសុខាភិបាល នៅតែមិនទាន់រកឃើញថា មានប្រជាពលរដ្ឋកម្ពុជា មានឆ្លងនូវវីរុសកូវីតនេះនៅឡើយនោះទេ តែទោះជាយ៉ាងណា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់កុំធ្វេសប្រហែស និងស្វែងយល់ពីការពារវីរុសនេះ តាមសារអប់រំ ដែលក្រសួងបានប្រកាសជូន៕

Leave a Reply

Your email address will not be published.