ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការ Comment នៅលើ Facebook នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាពស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមានមេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ «Khek Khemrath» ដោយសរសេរថា៖ «ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារការធ្វើការខ្ជីខ្ជាខ្វះ ការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស។
គួរបញ្ជាក់ផងដែរថា៖ តាមការចុះផ្យាយរបស់ The Straits Times នាថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដំណើរលើនាវាអាមេរិក MS Westerdam ដែលត្រូវបានម៉ាឡេស៊ីរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 ពេលនេះបានជាសះស្បើយហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ស្ត្រីអាយុ ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តសាកល្បងម្តងហើយម្តងទៀត លើវីរុស COVID-19 ហើយលទ្ធផលបង្ហាញថាគាត់រួចផុតពីវីរុសហើយ។ គាត់ត្រូវបានតេស្ដអវិជ្ជមានចំពោះវីរុស ប៉ុន្តែនៅស្ថិតក្រោមការតាមដានបន្តទៀត ព្រោះគាត់នៅមានចេញរោគសញ្ញា។
លោក Wan Azizah បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា៖ “នៅពេលដែលគាត់រួចផុតពីអាការៈរោគ គាត់អាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យ”។ រំលឹកដែរថា ស្ត្រីរូបនេះ និងប្តីរបស់គាត់ ដែលមានអាយុ ៨៥ឆ្នាំ បានធ្វើដំណើរកម្សាន្តលើនាវាឈ្មោះ MS Westerdam ដែលបានចុះចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។ ប្ដីប្រពន្ធគូនេះបានហោះហើរចេញពីកម្ពុជាទៅទីក្រុងគូឡាឡាំពួ ជាមួយអ្នកដំណើរ ១៤៥នាក់ ផ្សេងទៀតរបស់នាវាទេសចរណ៍នោះ ប៉ុន្តែពេលនោះអ្នកទាំង ២ មានចេញរោគសញ្ញា។
ការធ្វើតេស្តចំនួន ២លើក បានបង្ហាញថា ស្ត្រីជាប្រពន្ធវិជ្ជមានចំពោ COVID-19 ហើយបន្ទាប់មកគាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ នៅឯមន្ទីរពេទ្យ Sungai Buloh ។ ប្តីរបស់គាត់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស ប៉ុន្តែគាត់បានជ្រើសរើសស្នាក់នៅ និងកំដរប្រពន្ធរបស់គាត់នៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published.