សម្ដេចក្រឡាហោម បញ្ជាឲ្យស៊ើបអង្កេតករណីទារកអាយុ ៥ខែម្នាក់ស្លាប់នៅក្នុងពន្ធនាគារ

(ភ្នំពេញ) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឲ្យធ្វើការស៊ើបអង្កេតទៅលើករណីទារកអាយុ ៥ខែម្នាក់ រស់នៅជាមួយម្ដាយដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រៅពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ថា ៖ «ករណីនឹងយើងត្រូវតែធ្វើការស៊ើបអង្កេតហើយ មិនចាំបាច់គាត់ (អង្គការលីកាដូ) អំពាវនាវ ក៏យើងត្រូវតែស៊ើបអង្កេតដែរ»។
ចំណែកលោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារបានថ្លែងបញ្ជាក់ថា ចំពោះករណីនេះ កំពុងតែស្រាវជ្រាវ និងពិនិត្យឯកសារ រួចសុំគោលការណ៍ថ្នាក់លើស្រាវជ្រាវរឿងនេះឲ្យបានជាក់លាក់។ ហើយចំពោះមុខរបាយការណ៍របស់អង្គការលីកាដូដែលបានចេញផ្សាយទាក់ទងការស្លាប់របស់ទារកអាយុ ៥ខែ ក៏យើងកំពុងពិនិត្យដែរ តើចំណុចណាខ្លះដូចអ្វីដែលគាត់អះអាង ចំណុចណាខ្លះដែលយើងគួរបកស្រាយទៅវិញ។
សូមជម្រាបថា ទារកអាយុ៥ខែម្នាក់រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។ ស្រ្តីជាម្ដាយក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថាបានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីនដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀលឬ ២,៥ដុល្លារ។ អ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។ អ្នកស្រីមានផ្ទៃពោះ ៨ខែ នៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។
ទាក់ទងករណីនេះ អង្គការលីកាដូ បានស្នើសុំដោយទទូចឱ្យអាជ្ញាធរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីធានាថាករណីបែបនេះមិនកើតមានឡើងម្ដងទៀត។ អង្គការលីកាដូបានបង្ហាញថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទារកអាយុ៥ខែ បានរងរបួសជាទម្ងន់ដោយបាក់ឆ្អឹងភ្លៅ។ នៅតែមិនទាន់មានភាពច្បាស់លាស់អំពីរឿងហេតុដែលនាំឱ្យនាងរងរបួសនេះ។ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី ២បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាងនិងម្ដាយ ទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលបានព្យាបាលអ្នកជាប់ឃុំមកពីពន្ធនាគារកន្លងមក។ បុគ្គលិកពេទ្យបានថតកាំរស្មីអ៊ិច និងបានរកឃើញថា ទារកនេះបានបាក់ឆ្អឹងភ្លៅ។ ទារកនិងម្ដាយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយសារខាងមន្ទីរពេទ្យលើកឡើងថា មិនមានអ្នកជំនាញដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។
មន្ទីរពេទ្យកុមារជាតិក៏បានព្យាបាល ទារករងគ្រោះ រួចហើយក៏បញ្ជូននាងត្រឡប់ទៅមណ្ឌលអប់រំកែប្រែទី ២វិញ ទោះបីជាបុគ្គលិកពន្ធនាគារបានស្នើសុំ ទេវី និងម្ដាយ ស្នាក់នៅពេទ្យមួយយប់ដើម្បីតាមដានស្ថានភាពជំងឺ។ បុគ្គលិកមន្ទីរពេទ្យបានបដិសេធ និងត្រូវបានរាយការណ៍ថា បាននិយាយថា គ្មានបន្ទប់ទំនេរសម្រាប់ ទេវី និងម្ដាយទេ។ អំឡុងពេលមួយសប្ដាហ៍ក្រោយមក ស្រ្តីជាម្ដាយបានកត់សម្គាល់ឃើញថា ទេវីមានអាការៈក្ដៅខ្លួន និងក្អកជាប្រចាំ។ មន្រ្តីពន្ធនាគារបាននាំ ទេវី ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិវិញ។
វេជ្ជបណ្ឌិតនៅទីនោះបានជួបជាមួយ ទេវី និងម្ដាយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលកំណត់ការណាត់ជួបតាមដានជំងឺនៅ ៣សប្ដាហ៍ក្រោយ។ ស្រ្តីជាម្ដាយបានប្រាប់វេជ្ជបណ្ឌិតថា នាងអស់ថ្នាំដែលបានផ្ដល់ឱ្យ ទេវី លេបកាលពីលើកមុនហើយ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានឱ្យថ្នាំលេបបន្ថែមសម្រាប់ទារកទេ។ មិនមានភាពច្បាស់លាស់ពីវេជ្ជបញ្ជារដែលត្រូវបានណែនាំដោយគ្រូពេទ្យទេ។ ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទារក មានការពិបាកដកដង្ហើម។ ម្ដាយរបស់នាង បានកត់សម្គាល់ឃើញថា កូនគាត់បានចាប់ផ្ដើមបាត់បង់ស្មារតី និងបានប្រាប់ទៅមន្រ្តីពន្ធនាគារភ្លាមៗ។
បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២ បានដាក់សេរ៉ូម និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ជាកន្លែងដែលអ្នកទាំងនោះសម្អាតស្លេស និងថតកាំរស្មីអ៊ិច សួតរបស់នាង។ ទេវី និងម្ដាយ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលមួយយប់នៅក្នុងមន្ទីរពេទ្យ។ ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ លុះដល់ព្រឹកថ្ងៃ២៦ ខែមករា ទារកពិបាកដកដង្ហើមជាខ្លាំង។ នាងត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ជាកន្លែងដែលវេជ្ជបណ្ឌិតបានព្យាយាមយកស្លេសចេញពីសួតរបស់នាង និងបានធ្វើចលនាបេះដូង ប៉ុន្តែនាងនៅតែមិនដឹងខ្លួន។ បន្ទាប់មកត្រូវបានដាក់នៅក្នុងទូកញ្ចក់បំពាក់ជាមួយនឹងអុកស៊ីសែន។ ៣នាទីក្រោយមក នាងក៏បានស្លាប់បាត់បង់ជីវិត។ ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ៕

Leave a Reply

Your email address will not be published.