ថៃ ស្រីនាង ត្រូវបាន តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាមអនឡាញ ដាក់ពន្ធនាគារជា បណ្ដោះអាសន្ន ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ ហើយបញ្ជូនបន្ដទៅចៅក្រមស៊ើបសួរ ដើម្បីធ្វើការសូរនាំ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ បានសម្រេចឃុំខ្លួនស្ដ្រី វ៉ែន រចនា ហៅថៃ ស្រីនាង ជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែល អំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.