សម្ដេចក្រឡាហោម ៖ កម្ពុជាគឺជាឋានសួគ៌របស់អង្គការសង្គមស៊ីវិល

(ភ្នំពេញ) ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា បើប្រៀបធៀបជាមួយប្រទេសជាច្រើន កម្ពុជាគឺជាឋានសួគ៌របស់អង្គការសង្គមស៊ីវិល។ហើយក្រសួងមហាផ្ទៃនៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូរដដែល។ ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោមក៏បានរិះគន់ទៅលើកក្រុមអង្គការ សមាគម រួមទាំងសហគមន៍មួយចំនួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ និងទាមទារឲ្យនិរាករណ៍ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺវាមិនត្រឹមត្រូវ។ ដោយសម្តេចបានលើកឡើងថា ក្នុងចំណោមអង្គការសង្គមស៊ីវិល និងសហគមន៍មួយចំនួនដែលមានឈ្មោះក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺ មានមួយចំនួនមិនបានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “ គាត់ទៅប្រមូលសហគមន៍តូចៗមកដាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម មានចំនួន១០០ អ្នកខ្លះមិនទាន់ដឹងខ្លួនផងតាមមើល អត់ទាន់ដឹងខ្លួនផងគេដាក់ឈ្មោះទៅ ដើម្បីឲ្យបានច្រើនថា ពួកគាត់នឹងខ្លាំង តែធាតុពិតទៅអ្នកខ្លះអអត់ដឹងខ្លួនផង ហើយសហគមន៍ខ្លះពីរនាក់ បីនាក់ តែសហគមន៍ទាំងនឹងអត់មានបញ្ជីឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃទេ ភាគច្រើនអាចថា ៧០ ទៅ ៨០ភាគរយ ខ្ញុំអាចថាចឹង។ … អ្នកដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃគាត់បបានលុយបានកាក់មក បានជំនួយពីក្រៅមក ប្រហែលគាត់ប្រើអ្នកទាំងនឹង (សហគមន៍) ដើម្បីយកលុយទៅចាយធ្វើនេះ ធ្វើនោះ ហើយបបួលពួកនឹងមកដើម្បីគាត់ទ្រគាត់ឲ្យវាខ្លាំងដើម្បីទាត់ចោលច្បាប់ NGO”។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយក្រសួងមហាផ្ទៃនៅតែលើកកម្ពស់ភាពជាដៃគូររវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ហើយចំណុចណាខ្លះដែលក្រុមអង្គការសង្គមស៊ីវិលស្នើឡើងដើម្បីសិក្សាធ្វើវិសោធនកម្ម គឺយើងមិនត្រូវតក់ក្រហល់ពេក ពីព្រោះច្បាប់នេះសម្តេចជាអ្នកចាប់ផ្តើមរៀបចំធ្វើនៅឆ្នាំ១៩៩៤ ចេញជាសេចក្តីព្រាងនៅឆ្នាំ១៩៩៥។ ហើយពីឆ្នាំ១៩៩៥ មកដល់ឆ្នាំ២០១៥ ច្បាប់នេះត្រូវសភាអនុម័តចូលជាធរមានប្រកាសឲ្យប្រើ។ បើប្រៀបធៀបជាមួយប្រទេសជាច្រើនកម្ពុជាជាឋានសួគ៌របស់អង្គការសង្គមស៊ីវិលហើយ។

សម្តេចក្រឡាហោមបានបញ្ចាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនរដ្ឋាភិបាល មាន១៧មាត្រា ប៉ុន្តែកែបានចំនួន៩មាត្រាហើយ នៅសល់៨មាត្រាទៀត ហើយជជែកជាមួយក្រុមអង្គការសង្គមស៊ីវិល១០ដងទៀត ក៏អត់ទាន់យឺតដែរ នេះបើសិនជាមានឆន្ទៈទាំងអស់គ្នា តែបើអង្គការសង្គមស៊ីវិលចង់ទាត់ច្បាប់នេះចោល សូមឲ្យអង្គការសង្គមស៊ីវិលទាំងនោះដាក់ខ្លួនដាក់ប្រាណនៅក្រៅពីរង្វង់ច្បាប់សម្តេចអត់ដឹងទេ។ ប៉ុន្តែបើរួមគ្នាកសាងជាប្រទេសនីតិរដ្ឋ គ្រប់គ្រងដោយរដ្ឋ គួរតែអត់ធម្មត់ទាំងអស់គ្នាទៅល្អជាង៕

Leave a Reply

Your email address will not be published.