អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលពលរដ្ឋខ្មែរ ធ្វើការដោយខុសច្បាប់ នៅ១៤ប្រទេស ជិត១៥០០០នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ ថយចុះ

(ភ្នំពេញ) ៖ គិតត្រឹមដើមឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពលរដ្ឋខ្មែរ ដែលទៅធ្វើការដោយខុសច្បាប់ នៅ១៤ប្រទេស បានចំនួនជិត ១ម៉ឺន ៥ពាន់ នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ ថយចុះជាង ១ម៉ឺន ៧ពាន់ នាក់ស្មើនឹង៥៣ភាគរយ។

ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃទៅ៣០មករានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម ណុប វី អគ្គនាយកដ្ឋានរងអន្តោប្រវេសន៍ បានថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរចំនួន១៤ប្រទេសបញ្ជូនមកវិញនោះ រួមមានប្រទេសថៃ ១មុឺន ៣ពាន់នាក់ ,ជប៉ុន ២០៥នាក់,ម៉ាឡេស៊ី ១៨២នាក់ ,ចិន ១៤៧នាក់ ,កូរ៉េខាងត្បូង ១៤១នាក់ ,អាមេរិក ៧៧នាក់ និងប្រទេសវៀតណាម ៥២នាក់។ ទន្ទឹមនឹងនេះ ពលករខ្មែរចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់តាមរយៈក្រុមហ៊ុនចំនួន ៤២ មានជាង ៧មុឺននាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ តិចជាងចំនួនជាង ៣មុឺននាក់ ស្មើ ២៩,៣២%។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ពីជនបរទេស បានចំនួនជិត៤ មុឺនឯកសារ ក្នុងចំណោមជាង២មុឺនគ្រួសារ ដែលមានមនុស្សជិត៧ មុឺននាក់ ភាគច្រើនគឺជាជនជាតិវៀតណាម។

គិតត្រឹមចុងឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីបិទឱសានវាទ នៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តបានចំនួន ជាង៣ មុឺនគ្រួសារ ដែលមានមនុស្សជាង ១ សែននាក់ ក្នុងនោះ ក្រសួងបានចេញប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន្ត ចំនួនជាង២មុឺនគ្រួសារ ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន្តក្នុងព្រះរាជាណាចក្រកម្ពុជា
មានចំនួនជិត ៣មុឺនគ្រួសារ ក្នុងចំណោម១១ សញ្ជាតិ ដែលមានមនុស្សជិត៩ មុឺននាក់ ក្នុងនោះ សញ្ជាតិវៀតណាម មានចំនួន ជិ៩មុឺននាក់៕

Leave a Reply

Your email address will not be published.