នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារ និងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុង សន្និសីទសារព័ត៌ជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេស G7 គួរតែបញ្ឈប់ការវាយប្រហារ និងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ទោះតាមទម្រង់ណាក្តី។

ជុំវិញបញ្ហានេះ លោក Zhao Lijian បានថ្លែងថា ប្រទេសG7 មិនអើពើនឹងគោលជំហរដ៏ម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងដាច់ខាតរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាថ្មីម្តងទៀត ព្រមនិងវាយប្រហារនិងលាបពណ៌មកលើប្រទេសចិន ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ វាបានបង្ហាញយ៉ាងពេញលេញថា ប្រទេសG7 គ្មានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នានោះទេ បែរជាប្រកាន់ខ្ជាប់នូវគំនិតសង្គ្រាមត្រជាក់ ប្រកាន់ខ្ជាប់នូវភាពលំអៀងខាងមនោគមវិជ្ជា និងអនុវត្តនយោបាយជាក្រុមដោយឈរលើផលប្រយោជន៍នៃក្រុមរង្វង់តូច៕