បន្ទាយមានជ័យ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើឯកសារធ្វើប័ណ្ណព្រំដែននេះ រដ្ឋបាលខេត្តបានបង្កើននូវកម្លាំង ប្រចាំការនៅច្រកចេញចូលតែមួយក្នុងសាលាខេត្ត ដើម្បីជំរុញការផលិតទទួលពាក្យបណ្ដឹង រួមទាំងសម្របសម្រួលបំពេញឯកសារ។ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំនូវទីតាំងទទួលធ្វើប័ណ្ណព្រំដែន ចំនួន២កន្លែង បន្ទាប់ពីអាជ្ញាធរនៃប្រទេសថៃ បានបើកច្រកព្រំដែនឡើងវិញ ដើម្បីឲ្យពលរដ្ឋអាចឆ្លងដែនចេញចូលកម្ពុជា-ថៃ ប៉ុន្តែត្រូវបំពេញកាតព្វកិច្ចមួយចំនួន ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា រដ្ឋបាលខេត្តបានរៀបចំទីតាំងមួយទៀត នៅច្រកចេញចូលតែមួយក្នុងក្រុងប៉ោយប៉ែត ដើម្បីសម្របសម្រួលឲ្យពលរដ្ឋនៅក្រុងប៉ោយប៉ែត មិនចាំបាច់ឡើងទៅទីរួមខេត្ត ។ លោកបានបន្ថែមថា ចាប់តាំងពីបានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ គិតត្រឹមថ្ងៃទី៣ ខែឧសភា មានពលរដ្ឋទៅស្នើសុំធ្វើប័ណ្ណព្រំដែន មានប្រហែលជាង ៥០០នាក់ហើយ ៕