លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock)រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា «សម្រាប់ពួកយើង វាច្បាស់ណាស់ថា ទណ្ឌកម្មអាចត្រូវបានដកចេញវិញបាន លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន»

(បែរឡាំង)៖ លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានប្រាប់ឱ្យដឹងថា ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៉ី ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន នឹងមិនត្រូវដកចេញទេ លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន។

លោកស្រី Baerbock កាលពីថ្ងៃអាទិត្យម្សិលមិញ បាននិយាយថា «បទឈប់បាញ់គ្នាអាចជាជំហានដំបូងប៉ុណ្ណោះ» នៅពេលនិយាយអំពីការដកទណ្ឌកម្ម។ លោកស្រី បានបន្តថា«សម្រាប់ពួកយើង វាច្បាស់ណាស់ថា ទណ្ឌកម្មអាចត្រូវបានដកចេញវិញបាន លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន»

លោកស្រី Baerbock បានបញ្ចាក់ថា រុស្ស៉ីបានបំពានលើអ៊ុយក្រែនបានបំផ្លាញសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងទ្វីបអឺរ៉ុប ហើយវាមិនអាចត្រលប់ក្រោយ ទៅរកកាលពីមុនថ្ងៃទី២៤ ខែកុម្ភៈ ទេ ជាពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ទោះបីមានការធានាអះអាង ពីរដ្ឋាភិបាលរបស់លោកថា មិនមានផែនការវាយប្រហារលើអ៊ុយក្រែន ត្រូវបានគ្រោងទុកក៏ដោយ។

លោកស្រីបានលើកឡើងថា «យើងមិនអាចពឹងផ្អែកលើ ការសន្យារបស់លោកពូទីន តែម្នាក់ឯងទៀតទេ។ សហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ក្នុងការធានាឱ្យអ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ជនជាតិអ៊ុយក្រែន គឺជាអ្នកដែលកំពុងស្លាប់នៅក្នុងសង្រ្គាមនេះ ហើយដែលត្រូវបានគំរាមកំហែង ដោយការជិះជាន់ និងការធ្វើទារុណកម្ម ក្រោមការកាន់កាប់របស់រុស្ស៉ី។ គ្មាននរណាម្នាក់ មានសិទ្ធិកំណត់ឱ្យពួកគេទេ»