លោក ឆាក់ ឈូមើ (Chuck Schumer) មេដឹកនាំបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ថា លោកនឹងរៀបចំចាត់ចែងទៅតាម សំណើរបស់ រដ្ឋបាលលោក បៃដិន ស្តីពីកញ្ចប់ជំនួយ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ លោក ឆាក់ ឈូមើ (Chuck Schumer) មេដឹកនាំបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ថា លោកនឹងរៀបចំចាត់ចែងទៅតាម សំណើរបស់ រដ្ឋបាលលោក បៃដិន ស្តីពីកញ្ចប់ជំនួយ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយលោកនឹងស្នើឡើងនូវ គោលការណ៍ដែលនឹងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិកយកថវិកា បានមកពីការលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសនៅក្នុងទឹកដីអាមេរិក ផ្តល់ឱ្យទៅអ៊ុយក្រែនផ្ទាល់តែម្តង។

លោក Schumer ថ្លែងក្នុងសន្និសីទសារព័ត៌មាន បាននិយាយថា «អ៊ុយក្រែនត្រូវការជំនួយជាចាំបាច់បំផុត ហើយទន្ទឹមនឹងនោះ យើងក៏ត្រូវការទ្រព្យសម្បត្តិ តាមតែយើងអាចប្រមូលបាន ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយដែលពួកគេត្រូវការផងដែរ»។ ចំណាត់ការដែលត្រូវស្នើឡើង នឹងជួយសម្រួលដល់ដំណើរការរឹបអូស ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី នៅសហរដ្ឋអាមេរិក ហើយអនុញ្ញាតឱ្យមានការត្រួតពិនិត្យយ៉ាងរហ័ស ក្នុងតុលាការសហព័ន្ធ តាមការស្នើសុំពីសេតវិមាន៕