ប៉ោយប៉ែត៖ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នេះ ពលរដ្ឋកម្ពុជា និងអ្នកដំណើរភ្ញៀវទេសចរ បានចាប់ផ្តើមឆ្លងដែនតាមច្រកព្រំដែនអន្តរជាតិ កម្ពុជា ថៃ ប៉ោយប៉ែត នៅថ្ងៃដំបូងដែលភាគីថៃ បើកឡើងវិញ ។ ពលរដ្ឋកម្ពុជាដែលជាអាជីវករ ប្រកបរបររកស៊ីនៅផ្សាររោងក្លឿ និងពលករខ្មែរ ទៅស្វែងរកការងារធ្វើ នៅដីថៃ ពួកគេបានប្រើប័ណ្ណព្រំដែន (Border Pass)។ បន្ទាប់មក គឺអ្នកដំណើរ និងភ្ញៀវទេសចរ ដែលប្រើប្រាសលិខិតឆ្លងដែន (Passport) ហើយមានបំណងចូលទៅប្រទេសថៃ ដើម្បីត្រួតពិនិត្យឬព្យាបាលជំងឺ ។
សូមជម្រាបថា ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នឹងត្រូវ បើកឱ្យអ្នកដំណើរ និងភ្ញៀវ ពលរដ្ឋប្រទេសទាំង២ ក៏ដូចជាជនបរទេសផ្សេងទៀត ក្នុងល័ក្ខខ័ណ្ឌភ្ជាប់ អាចដំណើរ ការឆ្លងដែនចេញ-ចូល រវាងប្រទេស ទាំងពីរ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នេះតទៅ។ ខាងថៃបានបើកច្រកព្រំដែនគោក សម្រាប់ ប័ណ្ណ ព្រំដែន ដែលកន្លង មក អាចចូលបាន ក្នុងរយៈពេល ៧ថ្ងៃ ឥឡូវនេះ គឺខាងភាគីថៃ អនុញ្ញាតឲ្យតែ៣ថ្ងៃសិន ។ ចំពោះលិខិតឆ្លងដែន គឺអនុញ្ញាតឲ្យបាន រយ:ពេល ១៤ថ្ងៃ ឬជាធម្មតា ៕