អ៊ុយក្រែន៖ លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា អង្គការពិភពលោកមួយនេះនឹងមិនបោះបង់ចោលគោលបំណង បញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនឡើយ និងបង្កើនការគាំទ្រដល់ប្រជាជនអ៊ុយក្រែន អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុង Kyiv កាលពីថ្ងៃព្រហស្បតិ៍។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន និង លោក Guterres បានថ្លែងថា សង្គ្រាមត្រូវតែបញ្ចប់ ហើយសន្តិភាពត្រូវតែត្រូវបានបង្កើតឡើងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ មេដឹកនាំទាំង២ បានជួបពិភាក្សាគ្នារយៈពេលជាង ៩០នាទីកាលពីថ្ងៃព្រហស្បតិ៍នៅការិយាល័យរបស់លោក Zelenskyy នៅក្នុងទីក្រុង Kyiv។
លោក Antonio Guterres បានបន្តទៀតថា លោកនៅទីនេះដើម្បីផ្ដោតលើមធ្យោបាយដែលអង្គការសហប្រជាជាតិ អាចពង្រីកការគាំទ្រដល់ប្រជាជនអ៊ុយក្រែន ដោយការជួយសង្គ្រោះអាយុជីវិតកាត់បន្ថយទុក្ខវេទនា និងជួយស្វែងរកផ្លូវនៃសន្តិភាព៕