ប្រទេសស្វីស បានជំទាស់ទៅនឹងសំណើរបស់អាល្លឺម៉ង់ ដែលចង់ឱ្យខ្លួននាំចេញនូវគ្រាប់រំសេវ សម្រាប់ប្រើនៅក្នុងរថពាសដែក Marder ដែលគ្រោងនឹងបញ្ជូនទៅឱ្យអ៊ុយក្រែន

(ហ្សូរិច)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ ប្រទេសស្វីស បានជំទាស់ទៅនឹងសំណើរបស់អាល្លឺម៉ង់ ដែលចង់ឱ្យខ្លួននាំចេញនូវគ្រាប់រំសេវ សម្រាប់ប្រើនៅក្នុងរថពាសដែក Marder ដែលគ្រោងនឹងបញ្ជូនទៅឱ្យអ៊ុយក្រែន។

សេចក្តីរាយកាណ៍របស់កាសែតស្វីស ហ្សុនថាក ហ្សៃធុង (SonntagsZeitung) រថពាសដែក Marder ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) ហើយប្រើប្រាស់គ្រាប់រំសេវដែលផលិតដោយប្រទេសស្វីស។ ប៉ុន្តែស្វីសបានដាក់កំហិតលើការនាំចេញ នូវសម្ភារសង្គ្រាមបែបនេះ ទៅកាន់តំបន់ជម្លោះ។ ប្រទេសស្វីស (SECO) បាននិយាយថា «ស្វីសបានទទួលសំណើចំនួន២ ពីប្រទេសអាល្លឺម៉ង់ អំពីការផ្ទេរគ្រាប់យុទ្ធភណ្ឌ ទៅឱ្យអ៊ុយក្រែន ហើយសំណើទាំង២នេះត្រូវបានឆ្លើយតបជា អវិជ្ជមាន ដោយយោងទៅលើអព្យាក្រឹតភាពរបស់ស្វីស និងលក្ខណៈវិនិច្ឆ័យលើកាតព្វកិច្ចនៃច្បាប់សឹកសង្រ្គាម»

សូមបញ្ជាក់ថា ព័ត៌មានខាងលើត្រូវបានចេញផ្សាយចំពេលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) កំពុងប្រឈមមុខនឹងការរិះគន់ កាន់តែខ្លាំងឡើង ចំពោះការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់ រុស្ស៊ី ខណៈសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតដូចជាអាមេរិក កំពុងបង្កើនការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន៕