លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៊ីនៅមិនទាន់ទទួលបានចម្លើយណាមួយ ពីអ៊ុយក្រែនទេ ចំពោះសំណើនៃកិច្ចចរចាសន្តិភាពរបស់ខ្លួន

(មូស្គូ)៖ លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៊ីនៅមិនទាន់ទទួលបានចម្លើយណាមួយ ពីអ៊ុយក្រែនទេ ចំពោះសំណើនៃកិច្ចចរចាសន្តិភាពរបស់ខ្លួន ដែលវាហាក់បីដូចជាទីក្រុងកៀវ មិនចាប់អារម្មណ៍ចំពោះដំណោះស្រាយការទូត ខណៈដែលជម្លោះយោធាកំពុងបន្តនោះ។ 

លោក Lavrov បានគូសបញ្ជាក់ថា «វាចម្លែកណាស់ សម្រាប់រូបលោក បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍របស់ទីក្រុងកៀវ រួមទាំងការលើកឡើងរបស់ជំនួយការប្រធានាធិបតីអ៊ុយក្រែន ដែលផ្តល់យោបល់ថា ពួកគេមិនត្រូវការកិច្ចពិភាក្សាទាំងនេះ ទាល់តែសោះ»

ការអត្ថាធិប្បាយ របស់លោក Lavrov ធ្វើឡើងពីរថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បាននិយាយថា ខ្លួនបានបញ្ជូនបន្ត «ឯកសារព្រាង» លើដំណោះស្រាយជាក់ស្តែងមួយចំនួនទៅឲ្យអ៊ុយក្រែន ខណៈដែលទីក្រុងកៀវ បញ្ជាក់ថា ខ្លួនបានទទួលឯកសារនេះហើយ និងកំពុងធ្វើការពិនិត្យ ប៉ុន្តែលោក Zelensky បាននិយាយថា លោកមិនបានឃើញមានអ្វីដែលជាសំណើរបស់ទីក្រុងមូស្គូទេ៕