ភ្នំពេញ៖ ដើម្បីបន្តឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ មានសប្បុរសជនពីរក្រុមផ្សេងគ្នា បានអញ្ជើញចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្រុមទី១.ដឹកនាំដោយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក និងមន្ត្រីនិយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក។
ក្រុមទី២.តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិក ។ ដើម្បីមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ក្នុងឱកាសនោះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ និងឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក និងមន្ត្រីនិយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានឧបត្ថម្ភថវិកាទាំងនេះ ជូនកាកបាទក្រហមកម្ពុជាផងដែរ៕