សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ ខេត្តព្រះសីហនុ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង ៤០ឆ្នាំមុន។ ហេតុនេះហើយបានជាសម្តេច មិនចង់ឱ្យយុវជន និងកុមារ រងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ ដែលប្រការនេះ ក៏ធ្វើឲ្យសម្តេចប្តូរផ្តាច់ដឹកនាំប្រទេស ក្នុងសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាពមានតម្លៃខ្លាំងណាស់ កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្រែករកសន្តិភាព។ យើងត្រូវដឹងថា សន្តិភាពមានតម្លៃសម្រាប់យើងពេលកន្លងទៅនេះ និងពេលនេះ ហេតុនេះហើយបានជាយើងត្រូវរួមគ្នាការពារ»។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ព្រោះគ្រប់មនុស្ស សុទ្ធតែត្រូវការសន្តិភាព។

សូមបញ្ចាក់ថា កាលពីថ្ងៃទី១៦ ខែមេ សា ឆ្នាំ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានធ្លាក់ខ្លួនពិការផ្នែកឆ្វេង ដោយសារតែពេលនោះប្រទេសកម្ពុជា កំពុងស្ថិតក្រោមភ្លើងសង្គ្រាម។ សម្ដេចតេជោ ធ្លាប់បានគូសបញ្ជាក់ថា ពិតជាឈឺខ្លាំង ណាស់ នៅពេល ដែលសម្ដេចត្រូវរបួស និងគ្រូពេទ្យបានវះ យក កែវភ្នែករបស់សម្ដេចចេញ។រសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះ ដាច់ដៃ ដាច់ជើង និងខ្លះពិការភ្នែកជាដើម ហេតុនេះហើយ បានជារឿយៗ សម្តេចសំណូមពរ និងអំពាវនាវឲ្យការពារសន្តិភាព ដែលយើងរកបានដោយ លំបាក និងកុំឱ្យ សង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត៕