នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅទ័ព, អគារផ្ទះបាយ, អគារបន្ទប់ទឹក និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់នៅទ័ព, អគារផ្ទះបាយ, អគារបន្ទប់ទឹក និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគារទីបញ្ជាការ ជាអំណោយរបស់យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។ ជាមួយគ្នានោះដែរ លោកក៏បាន ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត សប្បុរសជន និងបញ្ជាការដ្ឋានយោធាខេត្តប៊ីញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រី ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ តំបន់ប្រតិបត្តិការសឹងរងកណ្តាល រហូតអង្គភាពមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ អំណោយរបស់ភាគីមិត្តវៀតណាម ក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរ នូវទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងស្មារតីជួយគ្នាទៅវិញទៅមកស្របទៅតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»