(ព្រុចសែល)៖ លោក ជែនស្តូល ធេនបឺគ (Jens Stoltenberg) ប្រមុខអង្គការ NATO បានប្រាប់ឱ្យដឹងថា កងទ័ពរុស្សីក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីបង្កើនការវាយប្រហារសាជាថ្មី នៅភាគខាងកើតនៃប្រទេស។ បើយោងតាមការ ផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២នេះ។
ចក្រភពអង់គ្លេស បានអះអាងថារុស្ស៊ីកំពុងកែនកងទ័ពរបស់ខ្លួនចន្លោះពី ១២០០ ទៅ ២០០០នាក់ ពីប្រទេស ហ្សកហ្ស៊ី ដើម្បីពង្រឹងកម្លាំងបន្ថែម។ ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងកាត់បន្ថយសកម្មភាពយោធានៅភាគខាងជើងអ៊ុយក្រែន ក្នុងនោះ រួមមានទាំងរដ្ឋធានីកៀវ ហើយផ្តោតលើ «ការរំដោះ» តំបន់ Donbas នៅភាគអាគ្នេយ៍។
លោក ជែនស្តូល ធេនបឺគ (Jens Stoltenberg) បាននិយាយថា «គោលបំណងរបស់រុស្ស៊ីក្នុងការសម្រេចគោលដៅយោធារបស់ខ្លួន គឺមិនមានការផ្លាស់ប្តូរ នោះទេ»។ លោកបានបន្ថែមថា «យើងបានឃើញមានការបាញ់ផ្លោងជាបន្តបន្ទាប់ ស្របពេលរុស្ស៊ីកំពុងផ្លាស់ប្តូរ និងកំណត់ទីតាំងកងទ័ព មួយចំនួនឡើងវិញ ដែលទំនងជានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងតំបន់ Donbass។ ជាមួយគ្នានេះ រុស្ស៊ីក៏នៅតែរក្សាសម្ពាធលើទីក្រុង Kyiv និងទីក្រុងដទៃទៀតដដែល»។