ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នា បម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន។
ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម កែ គឹមយ៉ាន បាននិយាយថា «ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ…។លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអគុណ ដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»។