សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងកម្សាន្ត ប្រកបដោយសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនឹងមានឱកាសដើរលេងកម្សាន្ត ប្រកបដោយសប្បាយរីករាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយដោយមោទនភាពថា ឆ្នាំនេះចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដើរលេង ដែលយើងបានខកខានក្នុងរយៈពេល២ឆ្នាំរួចមកហើយ គ្រាន់តែជាអកុសលឆ្នាំនេះ នៅពេលដែលបងប្អូនជនរួមជាតិរបស់យើងដែលធ្វើដំណើរ គឺសាំងវាឡើងថ្លៃ។ ធំជាងគេមិនមែនកូវីដទេ ធំជាងគេ គឺសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឯណោះទៅវិញទេ ប៉ុន្តែយ៉ាងណាក៏ដោយបងប្អូននឹងមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងដែរ»។ ជាមូយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសោកស្តាយផងដែរ ខណៈតម្លៃសាំងមានការឡើងថ្លៃ ដែលអាចនាំឲ្យមានការប៉ះពាល់ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា  ការកើនឡើងនៃតម្លៃសាំងនេះ មិនមែនកើតមានចំពោះតែកម្ពុជាទេ ប្រទេសនានាទូទាំងពិភពលោក រងផលប៉ះពាល់ដូចគ្នា ដោយសារវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន៕