រុស្ស៉ីបានចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីកម្លាំងទ័ពជាង ៣,០០០នាក់ នៅតំបន់ប្រជុំកោះដែលមានបញ្ហាវិវាទជាមួយជប៉ុន

(មូស្គូ)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Interfax នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ រុស្ស៉ីបានចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីកម្លាំងទ័ពជាង ៣,០០០នាក់ នៅតំបន់ប្រជុំកោះដែលមានបញ្ហាវិវាទជាមួយជប៉ុន បន្ទាប់ពីកិច្ចចរចាដើម្បីស្វែងរកសន្ធិសញ្ញាបិទបញ្ចប់សង្រ្គាមលោកលើកទី២ជាផ្លូវការ រវាងភាគីទាំងពីរ ត្រូវបានផ្អាក។

សូមជម្រាបថា តំបន់ទីប្រជុំកោះមានជម្លោះនោះ ស្ថិតនៅចន្លោះកោះហុកកៃដូនៃប្រទេសជប៉ុន និងឧបទ្វីបកាំឆាត់កា (Kamchatka) នៃប្រទេសរុស្ស៉ី។ ជប៉ុនហៅតំបន់នោះថា ដែនដីភាគខាងជើង ខណៈរុស្ស៉ីហៅថា គូរីល (Kuril)។ វិវាទដែនកោះនេះហើយ ដែលជាបញ្ហាចម្បងរារាំងមិនឱ្យប្រទេសទាំងពីរ សម្រេចបានសន្ធិសញ្ញាសន្តិភាពជាផ្លូវការ រហូតមកទល់បច្ចុប្បន្ន។

ជប៉ុនបានអះអាងថា អតីតសហភាពសូវៀត បានដណ្តើមកាន់កាប់ដោយខុសច្បាប់លើ កោះចំនួន៤នៅទីនោះ បន្ទាប់ពីជប៉ុនប្រកាសចុះចាញ់សង្រ្គាមលោកលើកទីពីរ កាលពីខែសីហា ឆ្នាំ១៩៤៥ ប៉ុន្តែទីក្រុងមូស្គូប្រកែកថា ទង្វើរបស់ខ្លួនគឺជាទង្វើស្របច្បាប់៕