លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)ប្រធានាធិបតិអ៊ុយក្រែន បានសួរទៅកាន់ អ៉ីស្រាអែលថាហេតុអ្វីបានជាមិនផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសឱ្យប្រទេសរបស់លោក

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)ប្រធានាធិបតិអ៊ុយក្រែន បានសួរទៅកាន់ អ៉ីស្រាអែលថាហេតុអ្វីបានជាមិនផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសឱ្យប្រទេសរបស់លោក និងមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ អ៉ីស្រាអែល បានថ្កោលទោសប្រតិបត្តិការយោធារបស់លោក ពូទីន នៅអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន ប៉ុន្តែ ដោយសារតែខ្លាចធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងជាមួយរុស្ស៊ី និងសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី អ៉ីស្រាអែលមិនបាន ផ្ដល់អាវុធតាមការស្នើសុំពីអ៊ុយក្រែន ឬការជំរុញពីសហរដ្ឋអាមេរិកនោះទេ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី ថ្លែងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់សភាអ៉ីស្រាអែលថា «មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ្នក គឺមានសមត្ថភាពអស្ចារ្យ…ដូច្នេះអ្នកអាច ជួយការពារប្រជាជនរបស់យើង, សង្រ្គោះប្រជាជនអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនមានដើមកំណើតជី្វហ្វ។ ប៉ុន្តែ ហេតុអ្វីបានជាអ្នក មិនព្រមផ្ដល់អាវុធមកឱ្យពួកយើង, ហេតុអ្វីបានជាអ៉ីស្រាអែលមិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ឬដាក់សម្ពាធលើក្រុមហ៊ុនរុស្ស៊ី»

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅ នឹងសុន្ទរកថារបស់លោក ហ្សេលេនស្គីអ្វីទេ៕