សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកភ្លើងបៃតងឱ្យរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្ដោះអាសន្ន

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ​ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ចាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកភ្លើងបៃតងឱ្យរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្ដោះអាសន្ន ក្រោយសាងសង់រួចរាល់ជាស្ថាពរ១០០ភាគរយ។

លោក សាំ ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា «នៅវេលាម៉ោង៥៖៣០នាទី នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍យានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ»។ លោកប្រធានមន្ទីរក៏អំពាវនាវឱ្យប្រជាពលរដ្ឋសូមធ្វើចរាចរណ៍ដោយសេចក្តីរីករាយ និងសុវត្ថិភាព ពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

 

សូមជម្រាបថា ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក៖

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពានមាន៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេងសម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕